រឿង៧យ៉ាង ដែលអ្នកគួរដឹងពីបុណ្យភ្ជុំបិណ្ឌ

គ្រប់ប្រជាជនខ្មែរ តែងតែប្រារព្ធ​ ពិធីបុណ្យភ្ជុំបិណ្ឌជារៀងរាល់ឆ្នាំហើយចាស់សឹងតែទាំងអស់សុទ្ធិតែបានដឹងពី ពិធីបុណ្យនេះ ក៏ប៉ុន្តែយុវជនមួយចំនួនមិនបានដឺងច្បាស់ពី ពិធីបុណ្យមួយនេះ
បុណ្យភ្ជុំបិណ្ឌជាបុណ្យដែលសំខាន់មួយក្នុងចំណោមបុណ្យប្រពៃណីធំៗនៃប្រទេសកម្ពុជា ដោយសារតែបុណ្យនេះ ជាពេលវេលាមួយ ដែលបងប្អូនប្រជាជនខ្មែរយើងប្រារព្ធជារៀងរាល់ឆ្នាំ។ ប្រជាជនខ្មែរតែងជួបជុំគ្នា ដើម្បីយកចង្ហាន់ទៅវត្ត ប្រគេនព្រះសង្ឃ ក្នុងន័យឧទ្ទិសកុសលដល់ញាតិការដែលបានចែកឋានទៅ។ រីឯនៅតាមជនបទវិញ គេតែងប្រជុំគ្នាមកធ្វើនំអន្សម នំគម ជាដើមដើម្បីដាក់ជាចង្ហាន់។ បុណ្យភ្ជុំបិណ្ឌតែងតែប្រារព្ធរយៈពេល១៥ថ្ងៃ ខែភទ្របទ ពីថ្ងៃ ១រោច ដល់ ១៤រោច ដែលគេហៅថា “ថ្ងៃកាន់បិណ្ឌ” និង ១៥រោច ហៅថា “ថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ”។ ដោយសារតែថ្ងៃនេះជាថ្ងៃភ្ជុំធំជិតមកដល់ ដូចនេះហើយខ្ញុំចង់លើកប្រធានបទទាក់ទងនិងបុណ្យភ្ជុំបិណ្យ ៧ចំណុចមកឲ្យអ្នកទាំងអស់គ្នាអានកំសាន្ត។ ចង់ដឹងថា ៧ចំណុចហ្នឹងមានអ្វីខ្លះ យើងទៅអានទាំងអស់គ្នាណា៎!

១. អត្ថន័យពាក្យភ្ជុំបិណ្ឌ
ពាក្យភ្ជុំបិណ្ឌបានមកពី២ពាក្យផ្គុំបញ្ចូលគ្នា “ភ្ជុំ = ប្រជុំ” ហើយនិង “បិណ្ឌ = ដុំបាយ” ។ ដូចនេះ បុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យប្រជុំដុំបាយ។ ជាក់ស្តែង មនុស្សផងគ្នាយកចង្ហាន់ទៅវត្ត ចំណែកអ្នកខ្លះទៀតពូនបាយ សម្រាប់បោះបាយបិណ្ឌ។ ការហៅឈ្មោះបុណ្យភ្ជុំបិណ្ឌ មានភាពប្លែកបន្តិចសម្រាប់អ្នកសុរិន្ទ និងកម្ពុជាក្រោម។ គេហៅបុណ្យនេះថា “បុណ្យសែនដូនតា”។ 

២. រឿងព្រេងរបស់ភ្ជុំបិណ្ឌ
តាមសង្ឃដីកាព្រះសង្ឃ បុណ្យភ្ជុំបិណ្យ ចាប់ផ្តើមមានកំណើត នៅពេលដែលញាតិវង្សរបស់ស្តេច Bath Pempeksa បានផ្គើនជាមួយនិងទំនៀមទំលាប់សាសនាដោយបរិភោគអាហារមុនព្រះសង្ឃសូត្រធម៌។ បន្ទាប់ពីពួកគេស្លាប់ ក៏បានកើតជាប្រេត។ ប្រេតទាំងនោះតែងតែមកសួរព្រះសង្ឃថាពេលណាពួកគេបានអាហារបរិភោគ តែពួកប្រេតទាំងនោះតែងបានចម្លើយដដែលៗ ថា លុះដល់អាណាចក្រពុទ្ធរបស់ព្រះសម្មាសម្ពុទ ទើបប្រេតទាំងអស់ បានអាហារបរិភោគពេលញាច់ញាតិឧទ្ទិសឲ្យ។

៣. មូលហេតុដែលគេតែងប្រារព្ធបុណ្យភ្ជុំបិណ្ឌ
  • ដើម្បីឧទ្ទិសកុសលដល់ញាតិកាដែលបានចែកឋាន និង បេតបុគ្គល (បេត ជាពាក្យបាលី ដែលជាសំស្រឹតថា ប្រេត)
  • ដើម្បីឲ្យបានសេចក្តីសុខ សេរីសួស្តីពីផលទានរបស់ខ្លួន
  • ដើម្បីបង្កើតសាមគ្គីជាតិ
  • ធ្វើឲ្យកូនចៅនឹករលឹកដល់គុណឪពុកម្តាយ
  • គ្រួសារញាតិមិត្តជួបជុំគ្នា 
៤. មូលហេតុដែលបុណ្យភ្ជុំបិណ្ឌនៅខែភទ្របទ
គេធ្វើបុណ្យនេះនៅខែភទ្របទ គឺដើម្បីទំនុកបម្រុងព្រះសង្ឃដែលគង់ចាំវស្សាក្នុងរយៈពេល ៣ខែ​ ចាប់តាំងពីចូលវស្សាដល់ចេញវស្សា ព្រោះនៅក្នុងខែវស្សាមានភ្លៀងធ្លាក់ រលឹមពព្រិច​ ធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត។ 

៥. តួនាទីប្រជាជន ព្រះសង្ឃ និងស្តេចនៅពេលបុណ្យភ្ជុំបិណ្ឌ
អ្នកទាំងអស់គ្នាប្រាកដជាដឹងហើយថាប្រជាជនខ្មែរយើងពេលភ្ជុំម្តងៗតែងតែយកចង្ហាន់ទៅវត្តដើម្បីធ្វើបុណ្យធ្វើទានខែវស្សា ចំណែកឯ ព្រះសង្ឃវិញគឺសម្តែងធម៌នៅវត្តអារាម។ មានចំនួនតិចតួចណាស់ដែលអ្នកទាំងអស់គ្នា ដឹងពីតួនាទីរបស់ព្រះរាជាពេលភ្ជុំបិណ្ឌ។ រៀងប្លែកពីរាស្រ្តបន្តិច ព្រះមហាក្សត្រចាប់កាន់បិណ្ឌទី ១១ រហូតដល់ភ្ជុំធំតែម្តង​ ហើយទ្រង់តែងតែកសាងព្រះពុទ្ធរូបប្រាក់ ១អង្គ រាល់បុណ្យភ្ជុំ ដើម្បីអភិសេក និងនិមន្តព្រសង្ឃតាមព្រះជន្មព្រះរាជា។ ជាកិច្ចបន្ទាប់គេធ្វើកិច្ចថ្វាយព្រះបិតរ ដោយព្រះមហាក្សត្រចាក់ទឹកដូង ឯរាស្រ្តចាក់ទឹកធម្មតា។ កិច្ចនេះគេប្រារព្ធភ្ជុំធំ ដោយរៀបជាទូក ឬកន្ទោងបណ្តែតតាមទឹកជូនដូនតាត្រលប់ទៅស្រុកវិញ។ 

៦. ការបោះបាយបិណ្ឌ
ប្រជាពលរដ្ឋខ្មែរយើង នៅព្រលឹមម៉ោង៤ តែងនាំគ្នាទៅវត្តអារាមក្បែរទីលំនៅខ្លួនក្នុងគោលបំណងទៅបោះបាយបិណ្ឌ។ ការបោះបាយបិណ្ឌជាជំនឿអរូបិយ ដែលប្រជាជនខ្មែរយើងនិយមធ្វើដើម្បីបញ្ជូនកុសលទៅញាតិសន្តានដែលបានចែកឋាន។ 

៧. ប្រេតទាំង១២
មានលួចទន្ទឹងរង់ចាំចំណុចនេះអត់ អ្នកអាន? បើនិយាយរឿងភ្ជុំបិណ្ឌ ហើយលួចបំបិទចោលវគ្គប្រេតដូចជាមិនសម! ធ្លាប់តែលឺគេថា ឬ ធ្លាប់មើលតាមទូរទស្សន៍ លឺតែប្រេតមាត់ដូចម្ជុល ចុះមានធ្លាប់ឮពីប្រេតផ្សេងអត់? ប្រេតទាំងអស់មាន ១២ ប្រភេទដែលប្រភេទនីមួយៗគិតទៅតាមបាបកម្មដែលពួកគេបានសាងពេលមានជីវិត។
  • ប្រភេទ​ទី ១៖ វន្តាសប្រេត : វន្តាសប្រេត គឺប្រេតស៊ីរបស់ដែលគេខ្ជាក់ចេញហើយ
  • ប្រភេទ​ទី ២៖ កុណបាសប្រេត: កុណបាសប្រេត (ឬកុណបា) ប្រេតដែលសុីសាកសព
  • ប្រភេទ​ទី ៣៖ គូថខាទកប្រេត : គូថខាទកប្រេត (ឬគូថៈ) ប្រេតដែលសុីឧច្ចារៈ (លាមក)
  • ប្រភេទ​ទី ៤៖ អគ្គិជាលមុខប្រេត : អគ្គិជាលមុខប្រេត ប្រេតដែលមានភ្លើងនៅក្នុងមាត់ 
  • ប្រភេទ​ទី ៥៖ សូចិមុខប្រេត : សូចិមុខប្រេត ប្រេតដែលមានមាត់ប៉ុនម្ជុល
  • ប្រភេទ​ទី ៦៖ តណ្ហដ្តិតប្រេត : តណ្ហដ្តិតប្រេត ប្រេតដែលត្រូវសេចក្តីលំបាកបៀតបៀន
  • ប្រភេទ​ទី ៧៖ សុនិជ្ឈាមកប្រេត : សុនិជ្ឈាមកប្រេត ប្រេតដែលត្រូវឆេះខ្មៅដូចគល់ឈើ
  • ប្រភេទ​ទី ៨៖ សត្ថង្គប្រេត : សត្ថង្គប្រេត ប្រេតមានក្រចកដូចកាំបិត
  • ប្រភេទ​ទី ៩៖ បព្វតង្គប្រេត​ : បព្វតង្គប្រេត ប្រេតមានកាយដូចភ្នំ​
  • ប្រភេទ​ទី ១០៖ អជគរង្គប្រេត​ : អជគរង្គប្រេត ប្រេតមានកាយដូចពស់ថ្លាន់ 
  • ប្រភេទ​ទី ១១៖ វិមានកប្រេត : វិមានកប្រេត ប្រេតមានវិមាននៅ 
  • ប្រភេទ​ទី ១២៖ មហិទ្ធិកប្រេត : មហិទ្ធិកប្រេត ប្រេតមានឫទ្ធិច្រើន (ជាប្រេតដែល ធំជាងប្រេតទាំងឡាយ មើលខុសត្រូវប្រេតទាំងឡាយ)។

ជាចុងក្រោយ សង្ឃឹមថាអ្នកទាំងអស់គ្នាអាចរៀនអ្វីថ្មីក្នុងអត្ថបទមួយនេះ។ ម្យ៉ាងសូមជូនពរឲ្យអ្នកទាំងអស់គ្នាមានភាពសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ហើយធ្វើដំណើរដោយសុវត្ថិភាព។

អត្ថបទដោយ៖ CHEA Chanvatey
លោក ងីម ហួរ, លោក វ៉ានិ ម៉ូន និង​ បណ្ឌិតវង្ស មេង (Eds.). ​២០១៨. អរិយធម៌ខ្មែរ. រាជធានីភ្នំពេញៈ រោងពុម្ពអង្គរ។
គួរ គឹមឃាង, លី ហូវ, លឹម សៀកផេង និង ក.ហេង ធីតា. ២០១៨. ពិធីបុណ្យភ្ជុំបិណ្ឌ. រាជធានីភ្នំពេញៈ Slide Presentation. 
Photo Credit to: VOA Khmer

***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd. 
***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.

Views : 1243

Related Articles

Some history of volunteering that most people don't know

ចង់ដឹងថាសប្បាយប្លែកភ្នែក ប្លែកអារម្មណ៍កម្រិតណានោះ កុំភ្លេចចូលរួមដោយផ្ទាល់ណា៎។